ជាការគួរឲ្យសោកស្ដាយបំផុតដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញ របស់ខ្លួនមួយរយៈ។ ការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ ចុងក្រោយនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួនដោយធានាអំពីសុចរិតភាពនៃបេសកកម្មសារព័ត៌មានរបស់ខ្លួនជាបន្តទៅទៀតបាននោះទេ។
ជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែប្រត្យក្សជាក់ស្ដែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានចេតនាអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយសេរី បន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨ តទៅទៀតនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានឆក់យកឱកាសគ្រប់បែបយ៉ាង ដើម្បីតាមដានធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នករិះគន់ គូបដិបក្ខនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលប្ដេជ្ញារាយការណ៍អំពីការពិតនៅក្នុងសង្គមកម្ពុជា សព្វថ្ងៃ ក្រោមលេសចោទថា បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាលអាជ្ញាធរបានបិទស្ថានីយវិទ្យុឯករាជ្យនានា ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុ សំឡេង សហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
រដ្ឋាភិបាលបានបង្ខំអោយកាសែត ឌឹ ខេមបូឌា ដេលី បិទការិយាល័យរបស់ខ្លួន ដោយពិន័យអោយបង់ពន្ធច្រើនហួសហេតុ ហើយដែលបានរារាំងម្ចាស់កាសែតនេះ គឺលោក ឌូគ្លាស អ៊ីរ៉ិច ស្ទៀល (Douglas Eric Steele) មិនអោយចេញពីប្រទេសបាន ក្រោមការគំរាមកំហែងចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ អាជ្ញាធរក៏បានប្រើប្រាស់ស្នៀតដូចគ្នានេះដែរ ប្រឆាំងនឹងវិទ្យុអាស៊ីសេរី បើទោះបីជាយើងបានផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដើម្បីអនុលោមតាមរាល់សំណើនានា ហើយនិងកិច្ចប្រឹងប្រែងដោយស្មោះអស់ពីចិត្តរបស់យើង ដើម្បីធ្វើការចុះបញ្ជីក្លាយជាក្រុមហ៊ុនព័ត៌មានដែលមានអាជ្ញាប័ណ្ណមួយយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ អាជ្ញាធរបានសម្រេចជ្រើសរើសយកនូវការចេញផ្សាយនូវសេចក្ដីថ្លែងការណ៍មិនពិត និងបានបង្កើនវោហារសាស្ត្របំភិតបំភ័យ និងគំរាមកំហែង កាន់តែខ្លាំងឡើងៗ ដែលភាគច្រើនធ្វើឡើងតាមរយៈការបញ្ចេញឯកសារបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលជួយបន្ទរឲ្យរដ្ឋាភិបាល និងសេចក្តីថ្លែងការណ៍បញ្ច្រាសគ្នារបស់ស្ថាប័នក្រសួងផ្សេងៗគ្នា។
ការប្រឈមនឹងស្ថានភាពបំភិតបំភ័យបែបនេះ មិនមែនជារឿងរ៉ាវថ្មីថ្មោងឡើយសម្រាប់វិទ្យុអាស៊ីសេរី។ ក្រុមអ្នកកាសែត និងក្រុមអ្នកអត្ថាធិប្បាយរបស់យើង ទទួលរងនូវការគំរាម ការចាប់ដាក់ពន្ធនាគារ និងការបង្ខំឲ្យចាកចេញពីប្រទេសនេះ ដើម្បីបញ្ចៀសពីការប៉ុនប៉ងចាប់ខ្លួន ឬធ្លាក់ចូលក្នុងស្ថានភាពរឹតតែអាក្រក់ជាងនេះ។ ក៏ប៉ុន្តែដំណើរវិវត្តន៍ចុងក្រោយថ្មីៗនេះ រឹតតែធ្ងន់ធ្ងរដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ខណៈដែលគណបក្សប្រជាជនកម្ពុជា ស្វះស្វែងដោយឥតអៀនខ្មាស កម្ចាត់ចោលនូវរាល់ឧបសគ្គ ឬឥទ្ធិពលនានា ដែលរារាំងមិនឲ្យបក្សពួករបស់ខ្លួនទទួលបាននូវការក្ដោបក្ដាប់អំណាចផ្ដាច់ការទាំងស្រុងតែម្ដង។
ក្នុងរយៈពេលជាច្រើនឆ្នាំនៃបេសកកម្មរបស់យើង អ្នកកាសែតកម្ពុជា ដែលធ្វើការជាមួយវិទ្យុអាស៊ីសេរី ហ៊ានប្រថុយប្រថានអាយុជីវិតរបស់ពួកគេ ដើម្បីរាយការណ៍អំពីពុករលួយ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការបណ្ដេញចេញដោយបង្ខំ ការសូកប៉ាន់ វិវាទការងារ និងការរំលោភសិទ្ធិក្នុងចំណោមរឿងរ៉ាវសំខាន់ៗដទៃទៀត ដែលភាគច្រើនត្រូវបានប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋមិនអើពើ។ កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគេ បានជួយបណ្ដុះនូវមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានបែបស៊ើបអង្កេត និងស៊ីជម្រៅរបស់វិទ្យុអាស៊ីសេរី ហើយទទួលបានទំនុកចិត្តពីសំណាក់ប្រជាជនកម្ពុជា ជាទីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅរបស់យើង។ ការលះបង់ និងការគាំទ្ររបស់បុគ្គលិក និងប្រិយមិត្តរបស់យើង នឹងរឹតតែញ៉ាំងឲ្យវិទ្យុអាស៊ីសេរី បន្តរក្សាបេសកកម្មចាំបាច់ផ្តល់ជូនដល់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានដំណឹងគ្រប់គ្រាន់ដើម្បីឲ្យពួកគេទទួលបាននូវគំនិតគ្រប់ជ្រុងជ្រោយច្រើនជាងមុន និងត្រឹមត្រូវអំពីអ្វីដែលកំពុងកើតមានឡើងនៅក្នុងសហគមន៍ដែលពួកគេកំពុងរស់នៅទីក្រុង និងភូមិម្កររបស់ពួកគេ។
អាស៊ីសេរី សម្រេចចិត្តយ៉ាងច្បាស់លាស់ថា នឹងឈរលើការពិតនៃការបន្តបេសកកម្មចម្បងក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះឲ្យបានច្រើនជាងពេលណាៗទាំងអស់ ដើម្បីបោះជំហានទៅមុខធ្វើជាប្រទីបបំភ្លឺផ្លូវ ទោះជាយើងស្ថិតក្នុងដំណាក់កាលខ្មៅងងឹតបែបនេះក៏ដោយ។ វិទ្យុអាស៊ីសេរី នឹងបន្តរាយការណ៍លើបញ្ហា និងព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងសង្គមកម្ពុជា ហើយនឹងបន្តផ្សព្វផ្សាយកម្មវិធីផ្សាយ សេចក្ដីរាយការណ៍ និងព័ត៌មាននានា នៅលើរលកធាតុអាកាសវិទ្យុកម្រិតទាប (SW) លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងគេហទំព័ររបស់យើង www.rfa.org/khmer/ ជាបន្តទៅទៀត។
ដូចដែលប្រវត្តិសាស្ត្របានចារទុកមកហើយថា ជនផ្ដាច់ការអាចនឹងឡើងកាន់អំណាច ហើយបង្ខំឲ្យពលរដ្ឋក្នុងប្រទេសរបស់ពួកគេអនុវត្តតាមឆន្ទៈមានះរបស់ខ្លួន ប៉ុន្តែនៅទីបំផុតទៅ ការពិតនឹងនៅតែឈ្នះដដែល៕
Let's Comment
Post a Comment