លោក ជុន វណ្ណី មេបញ្ជាការរង និងជាអ្នកនាំពាក្យកងរាជអាវុធហាត់ខេត្តកណ្ដាលបានឲ្យដឹងម្សិលមិញថា នៅវេលាម៉ោងប្រមាណ ៧:១០នាទីយប់ មានករណីក្មេងៗកែច្នៃផាវខុសបចេ្ចកទេសធ្វើឲ្យផ្ទុះលាន់ដូចគ្រាប់បែកនេះ គឺបណ្តាលឲ្យក្មេងប្រុសពីរនាក់បានស្លាប់ភ្លាមៗ និងក្មេងប្រុសពីរនាក់ទៀត ត្រូវរងរបួសធ្ងន់ស្រាលត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីររុស្ស៊ីទាំងយប់ផងដែរ។
លោកបន្តថា ដំបូងក្មេងៗទាំង ៤ នាក់នោះ បានទិញផាវ (មូលៗដូចគ្រាប់បែក) រួចពួកគេបានច្រកវាចូលក្នុងទុយោជ័រមួយ និងកំប៉ុងស្រាបៀរ (គ្មានទឹក) ហើយពួកគេបានយកឈើតូចល្មមមួយ មកបុកផាវនោះ រហូតចេញផ្សែង។ លុះចេញផ្សែង ពួកគេនៅតែបន្តបុករហូតដល់ផ្ទុះយ៉ាងសាហាវដូចគ្រាប់បែកដៃ ដែលបណ្ដាលឲ្យពួកគេ ២ នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ និង ២ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល។
លោកបញ្ជាក់ថា៖ «យើងបានណែនាំ ពួកគាត់ដែរ តែក្មេងៗមិនសូវស្ដាប់យើងទេ ខ្ញុំក៏សូមណែនាំបន្ថែមទៀតដែរ គឺក្នុងរដូវភ្ជុំនេះ គឺអាជ្ញាធរមិនអនុញ្ញាតឲ្យលេងគ្រឿងផ្ទុះទេ ព្រោះយើងចង់រក្សាសន្តិសុខ និងការពារសុវត្ថិភាពយើងមិនចង់ឲ្យដូចក្នុងករណីនេះទេ។ ករណីនេះយើងកំពុងតែស្រាវជ្រាវបន្ថែម ដើម្បីរកមូលហេតុនៃការផ្ទុះបណ្តាលឲ្យស្លាប់បែបនេះ»។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងលើហ្វេសប៊ុករបស់លោកថា ជនរងគ្រោះទាំង ៤នាក់ ទី១-ឈ្មោះ ប៉ុន សម្បត្តិ អាយុ ១៣ឆ្នាំ មុខរបរសិស្ស (ស្លាប់) ទី២-ឈ្មោះ ជ័យ វី អាយុ ១១ ឆ្នាំមុខរបរសិស្ស (ស្លាប់) ៣-ឈ្មោះ ប៉ុន សុខុន អាយុ ១៦ឆ្នាំ មុខរបរសិស្ស (របួលធ្ងន់) និង ទី៤-ឈ្មោះ មឿន សុភ័ក្រ អាយុ ១៧ ឆ្នាំមុខរបរសិស្ស (របួសស្រាល) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ។
លោក ញ៉យ ដា ជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនោះ បានឲ្យដឹងថា៖ខ្ញុំអត់បាននៅក្នុងហេតុការនេះទេ ប៉ុន្ដែខ្ញុំនៅក្បែរនេះដែរ គឺដំបូងខ្ញុំស្មានតែផ្ទុះកង់ឡានទេ តែខ្ញុំឆ្ងល់ផ្ទុះកង់ឡានអីក៏ខ្លាំងម្លេះ ក្រោយបន្តិចមកមានអ្នកភូមិស្រែកឆោឡោរថា មានក្មេងស្លាប់ ខ្ញុំក៏រត់មកមើលនឹងគេដែរ។ មុនពេលផ្ទុះនេះ ខ្ញុំលឺក្មេងៗវានិយាយគ្នាលឺៗដែរ តែមិននឹកស្មានដល់ថ្នាក់ហ្នឹងទេ។
ទោះជាយ៉ាងណា លោក ជុន វណ្ណី បន្ថែមថា សាកសពក្មេងប្រុសត្រូវបានសមត្ថកិច្ចទាក់ទងជំនាញធ្វើការកោសល្យវិច្ឆ័យមកត្រួតពិនិត្យពិតជាស្លាប់ដោយសារផ្ទុះផាវជាច្រើនមកកែឆ្នៃខុសបច្ចេកទេសពិតប្រាកដមែន ដោយសមត្ថកិច្ចរកឃើញសំបកផាវដែលនៅកន្លែងកើតហេតុជាច្រើន ហើយចំណែកសពក្មេងរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
លោកក៏បានស្នើរសុំដល់អាណាព្យាបាលទាំងអស់មេត្តាការពារកូនចៅក្មេងៗ កុំឲ្យមានលេងផាវដែលបង្កឲ្យគ្រោះថ្នាក់ដូចករណីខាងលើនេះ។
គួរបញ្ចាក់ថា ករណីផ្ទុះផាវនេះ គឺកើតឡើងជាលើកទី ២ ដែលបានសម្លាប់មនុស្ស ខណៈដែលមានករណីផ្ទុះឆេះរថយន្តម៉ាកនីសាន់ ០១ គ្រឿងបណ្ដាលឲ្យមនុស្ស ៣ នាក់បានស្លាប់ និងរងរបួសចំនួន ៥ នាក់ នៅខេត្តបន្ទាយមានជ័យ ដោយសារការផ្ទុះផាវគ្រាប់បែកចំនួន ៨ កេស ស្មើនឹងទម្ងន់ ១៦០ គីឡូក្រាម ដែលផ្ទុកក្នុងរថយន្ត៕
ប្រភពពីគេហទំព័រ៖ ភ្នំពេញបុស្តិ៍
Let's Comment
Post a Comment